ដោយ ៖ យឹម ឈឿន
ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ០៩:០១ (28-12-2016 09:01)
រាជធានីភ្នំពេញ ៖ ម៉ូតូស៊េរីទំនើប២គ្រឿងត្រូវបានចោរកាត់ច្រវ៉ាក់លួចយកទៅបាត់ពីចំណុចគ្លីនិក មហានគរ ដែលមានទីតាំងនៅតាមតាមបណ្ដោយផ្លូវលេខ៤០២ កែងផ្លូវលេខ១៥៥ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន តែសំណាងល្អម៉ូតូ១គ្រឿងមានភ្ជាប់ប្រព័ន្ធ GPS ម្ចាស់ប្តឹងសមត្ថកិច្ចតាមរកឃើញម៉ូតូទាំង២គ្រឿងវិញកាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវរទេះភ្លើង ក្បែរស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ម៉ូតូដែលត្រូវចោរកាត់សោច្រវ៉ាក់លួចយកទៅនោះ១គ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-6823 និង១គ្រឿងទៀតម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DF-3143 ។
ប្រភពព័ត៌មានពីក្មួយម្ចាស់ម៉ូតូ MSX បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជូនពូរបស់គាត់ដែលជាម្ចាស់ម៉ូតូ MSX បានជួបគ្រោះថ្នាក់ចរាចរណ៍ទៅដេររបួសជើងនៅគ្លីនិកខាងលើ ហើយក៏បានសម្រាកជាមួយមិត្តភក្តិជាច្រើននាក់ ក្នុងនោះមាននារីជាម្ចាស់ម៉ូតូ Zoomer X ផងដែរ ដោយម៉ូតូទាំង២គ្រឿងបានចាក់សោច្រវាក់ជាមួយម៉ូតូជិត១០គ្រឿងទៀតទុកនៅមុខគ្លីនិក ។ លុះព្រឹកឡើងក្មួយរបស់ម្ចាស់ម៉ូតូ MSX បានចុះមកក្រោមរកមើលម៉ូតូមិនឃើញក៏ផ្អើលឆោឡោបើកមើលកាមេរ៉ាសុវត្ថិភាពឃើញមានក្រុមចោរ១ក្រុមមានគ្នា៦នាក់បានធ្វើសកម្មភាពកាត់សោច្រវាក់ចាក់ម៉ូតូ ហើយបានយកម៉ូតូ២គ្រឿងខាងលើចេញទៅបាត់ ។
ប្រភពបានបន្តថា ក្នុងចំណោមម៉ូតូទាំង២គ្រឿងនោះ មានម៉ូតូ១គ្រឿងបានភ្ជាប់ប្រព័ន្ធតាមដាន GPS ក្រោយមកក្មួយជនរងគ្រោះបានបើកប្រព័ន្ធ GPS ដែលដាក់ជាប់ម៉ូតូ Zoomer X ឃើញថា ប្រព័ន្ធខាងលើនោះបានលោតដល់ចំនុចថ្នល់រទេះភ្លើងជិតស្ពានអាកាស៧មករា ក្រោយមកពួកគាត់ដែលជាជនរងគ្រោះបានមកអង្គុយចាំជាមួយសមត្ថកិច្ចខណ្ឌចំការមន២នាក់ ស្រាប់តែមួយសន្ទុះក្រោយមកក៏បានឃើញជនសង្ស័យ២នាក់កំពុងតែជិះម៉ូតូ២គ្រឿងបណ្ដើរគ្នាកាត់ចំណុចដែលជនរងគ្រោះអង្គុយចាំ ក៏ប្រញាប់ដេញចាប់ជនសង្ស័យ២នាក់នោះ ស្របពេលជាមួយគ្នានោះដែរនគរបាលខណ្ឌចំការមនបានបាញ់ឡើងលើ១គ្រាប់គំរាមជនសង្ស័យ តែជនសង្ស័យទាំង២នាក់នោះព្យាយាមរត់គេចខ្លួនចូលទៅតាមច្រកភូមិរោងចក្រឆ្នាំងបាត់ស្រមោល ធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការចូលទៅតាម ព្រោះទីនោះជាតំបន់ស្មុគស្មាញ និងជាសំបុកជនទុច្ចរិតលាក់បំពួនខ្លួននៅទីនោះ និងជាសំបុកចែកចាយគ្រឿងញៀនផងដែរ ។
ក្រោយពេលកើតហេតុ ម៉ូតូទាំង២គ្រឿងនោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក រងចាំម្ចាស់ម៉ូតូយកឯកសារមកទទួលយកម៉ូតូត្រឡប់ទៅវិញ ៕